ចៅ សែនកុសល (១៩០៥ - ២០០៩)

ជីវិត

ចាន់ យូរ៉ាន់ (១៩៣៤ -​ ២០xx)

     លោក ចាន់ យូរ៉ាន់ កើត​នៅ​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៣៤ ឳពុក​ឈ្មោះ ចាន់ ឌុច ម្តាយ​ឈ្មោះ ឳប ល្មុង។ លោក​បានធ្វើ​ការ​សិក្សា​នៅ វិទ្យាល័យ ស៊ីសុវត្តិ​នៅឆ្នាំ ១៩៥៣ លោក​បាន​ទទួល​សញ្ញាប័ត្រ​មធ្យម​សិក្សា​បានធ្វើ​ជា សាស្ត្រចារ្យ​នៅវិទ្យាល័យ​ឯក​ជន​កម្ពុជ​បុត្រ បាន​ចូល​ជា​សិ្ស សាលា​ភូមិន្ទ​រដ្ឋ​បាល (ERA) ផ្នែក​ការទូត និង​មាន​បរិញ្ញាប៏ត្រ​នីតិសាស្ត្រ​ ឆ្នាំ ១៩៥៩ និង​នៅ​សេណេហ្គាល់។ នៅ​ពេល​ដែល សភា​ខ្មែរ​បាន​បោះ​ឆ្នោត​ទម្លាក់​ សម្តេច​សីហនុ លោក​បាន​ជ្រើស​រើស​ផ្លូវ​ដើរ​តាម សម្តេច​សីហនុ។ ពី​ឆ្នាំ ១៩៧០ - ១៩៧៥ លោក​មាន​ឋានៈ​ជា រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​នៃ​រាជ​រដ្ឋាភិបាល​ក្រៅ​ស្រុក។ ពេល​ដែល រាជរដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ (GCKD) កើតឡើង លោក ចាន់ យូរ៉ាន់ បាន​ធ្វើជា អគ្គរាជ​ទូត​នៅ​សេណេហ្គាល់ ឆ្នាំ ១៩៨៣ នៅ​ម៉ាលី បន្ទាប់មក​នៅ ប៉េកាំង (មេសា ១៩៨៤) ប៉ាគីស្ថាន (១៩៨៦)។ នៅ​ខែ​មិថុនា ១៩៩៤ លោក​ជា​ប្រធាន​គណៈប្រតិភូ​ខ្មែរ​ក្រហម​សម្រាប់​ការចរចា​តុ​មូល សម្រាប់​សន្តិភាព និង​បាន​ទទួល​ឋានៈ​ជា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខាង ច្បាប់​ប្រពៃណី វប្បធម៌ និង​អក្សរសិល្បិ៍​នៃ រដ្ឋា​ភិបាល​ខ្មែរ​ក្រហម ដែល​មាន​លោក ខៀវ សំផន ជានាយករដ្ឋមន្ត្រី។
     អ្នក​ការ​ទូត ការពារ​គំនិត​ខ្មែរ​ក្រហម
     តាមវិទ្យុខ្មែរ​ក្រហម ថ្ងៃ​ទី ៦ សីហា ១៩៩៧ លោក ចាន់ យូរ៉ាន់ បាន​ចោទ​ប្រកាន់​លោក ង្វៀង ម៉ាញ់កាំ រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម ថា "កំពុងលេបកម្ពុជា" ដូច​ដែល​វៀតណាម​បាន​ធ្វើ​នៅ កម្ពុជា​ក្រោម។
     ថ្ងៃ ចន្ទ ២២ មិថុនា ១៩៩៨ មាន​ធ្វើ​សន្និសីទ​កាសែត នៅ​ភ្នំពេញ​នៃ​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរ​ក្រហម ៥ នាក់ ដែល​បាន​ចុះ​ចូល​មក រាជ​រដ្ឋាភិបាល តាំងពី ១០ ថ្ងៃមុន​មកហើយ ដោយ​សារ​លោក អៀង សារី ជា​អ្នក​ចរចា។ មួយ​​ថ្ងៃ​មុន​ធ្វើ​សន្និសីទ​នេះ អ្នក​ទាំង​នោះ បាន​ទទួល​ទាន​ភោជនាហារ​ដ៏​ឆ្ងាញ់​ពិសា រៀប​ចំ​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី២ លោក ទា បាញ់ សហរដ្ឋ​មន្ត្រីការពារ​ជាតិ​ នៅ​គេហដ្ឋាន​លោក ហ៊ុន សែន នៅ​តា​ខ្មៅ។ តាម​រយៈ​រូប​ថត គេ​ឃើញ​កម្មាភិបាល ៥ នាក់​នោះ​ឳន​លំ​ទោន​សំពះ​គោរព​លោក ហ៊ុន សែន គួរឲ្យរំភើប។ "យើង​បាន​ថ្លែង កតវេទិតា ចំពោះ​លោក​ (ហ៊ុន សែន) ដែល​ទទួល​យើង​ខ្ញុំ​មក​រួម​រស់​ក្នុង​សង្គម​វិញ" លោក ចាន់ យូរ៉ាន់ បាន​ថ្លែង។ "គាត់ (ហ៊ុន សែន) បាន​និយាយ​យ៉ាង​ច្បាស់មក​យើង​ខ្ញុំ​ថា ត្រូវ​តែ​បំភ្លេច​ការកន្លង​មក​ហើយ ហើយ​ទៅ​អនាគត​ត្រូវ​ចាប់​ដៃ​គ្នា​កសាង សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ" លោក ម៉ក់ បេន អតីត​រដ្ឋ​មន្ត្រីខ្មែរ​ក្រហម ខាង​ហិរញ្ញវត្ថុបន្ត។ ចំពោះ​សំណួរពីរ​ពេល​កន្លង​មក កម្មាភិបាល​ខ្មែរ​ក្រហម ៥​នាក់​នេះ (​ចាន់ យូរ៉ាន់, ម៉ក់ បេន, ជួន ជឿន, អិុន សូភាព, កោ ប៊ុន​ហេង) ឆ្លើយ​ព្រមៗ​គ្នា​ថា "ពី​ពេល​នេះ​ត​ទៅ ត្រូវ​គិត​ទៅ​ពេល​មុខ ទៅ​អនាគត"។ ចំពោះ​សំនួរ​ថា លោក​ដែល​បាន​ជួប តាម៉ុក ឬ​ទេ? "ពេល​ចុង​ក្រោយ​ខ្ញុំ​បាន​ឃើញ តាម៉ុក ២​ ខែមុន ក្នុង​ពេល​ដែល​យើង​រត់​គេច​នៅ​ក្នុង​ព្រៃ និង ភ្នំ។ ដោយ​សារ​បញ្ហា សន្តិសុខ​យើង​ពុំ​បាន​ធ្វើ​ពី​មុន​មក​ទេ..." នេះ​ជា​ចម្លើយ​របស់ លោក ចាន់ យូរ៉ាន់។ សំនួរ​មួយ​ទៀត​ "តើ​ក្រុម​លោក​ចូល​បោះ​ឆ្នោត​ ថ្ងៃទី ២៦ កក្តដា ១៩៩៨ ឬទេ?" អ្នក​ទាំង ៥ ឆ្លើយ​ថា​ "ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​តាម​ឆន្ទៈរាស្ត្រ ចង់បាន យុត្តិធម៌ សមធម៌" ដោយ​បាន​បង្ហាញ​កាត​បោះឆ្នោត ដែល​អ្នក​ទាំង​នេោះ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នៅ ប៉ៃ លិន។
     សព្វ​ថ្ងៃ​នេះ លោក ចាន់ យូរ៉ាន់ រស់​នៅ​ភ្នំពេញ។ មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ៥ នាក់​នេះ គ្មាន​ភ័យ​បារម្ភ​ពី​ការ​កោះ​ហៅ​ទៅ​បំភ្លឺ​ ស្តី​ពីព្រឹត្តិកាណ៍ពី​ឆ្នាំ ១៩៧៥ -​ ១៩៧៩ ដោយ​តុលាការ​កាត់​ទោស អតីត​មេ​ខ្មែរ​ក្រហមឡើយ។

ចាន់ ណាក (១៨៩២ - ១៩៥៨)

មាន​ដើម​កំណើត​ពី​គ្រួសារ​នាម៉ឺន​មន្ត្រី​ក្នុង​វាំង​
     កើត​នៅ​ឆ្នាំ ១៨៩២ នៅ​ភ្នំពេញ ឳពុក​លោក ជានាម៉ឺន​មន្ត្រី នៃ​ស្តេច នរោត្តម រួច​ក្រោយ​មក​ស្តេច ស៊ីសុវត្ថិ។
វិជ្ជាជីវៈ ក្នុង​តុលា​ការ​កម្ពុជា
     អាយុ​បាន ១៥ ឆ្នាំ លោក​បាន​ប្រលង​ប្រជែង​ជាប់​ចូល​រៀន​ក្នុង សាលា​បក​ប្រែ​របស់​អាណានិគម​បារាំង នៅ​ឆ្នាំ ១៩០៧។ ដោយ​វ័យ​នៅ​ក្មេង​ពេក​សម្រាប់ ការងារ​រដ្ឋ​បាល​លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ អនុ​វិទ្យាល័យ ស៊ីសុវត្ថិ ក្នុង​ទីក្រុង​ភ្នំពេញ រហូត​ដល់​ឆ្នាំ ១៩០៩ រួច​ទៅ​បន្តឯ​ប្រទេស​បារាំង​ ក្នុង​សាលា​អាណានិគម ផ្នែក​តុលាការ។ ក្រោយ​មាតុ​ភូមិ​និវត្តន៍ លោក​បាន​ចូល​ធ្វើការ​ក្នុង​អង្គ​ចៅ​ក្រម​កម្ពុជា​រហូត។
  • ឆ្នាំ ១៩២៣ លោក​បាន​ទទួល​អាសនៈ​មួយ ក្នុង​សាលា​ឧទ្ធរណ៍ ក្រុង​ភ្នំពេញ។
  • ឆ្នាំ ១៩២៧ បាន​ប្រលង​ប្រជែង​ចូល​ក្នុង​សាលា​វិនិច្ឆ័យ។
  • បន្ទាប់​មក លោក​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ជំនួស​របស់ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។
លោក​បាន​ទៅ​កាន់​តំណែង​ខ្ពស់​បំផុត​ក្នុង ក្រសួង​យុត្តិធម៌ តុលាការ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្នង​ឋានៈជា ប្រធាន​សាលា​វិនិច្ឆ័យ។
  • ឆ្នាំ ១៩៤១ បាន​ត្រូវ​តែង​តាំង​ជា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។ លោក​ក៏ជា​ទី​ប្រឹក្សា​សហភាព​បារាំង ផង​ដែរ។
គ្រឿងឥស្សរិយយស
  • COMMANDEUR DE L'ORDRE ROYAL DU CAMBODGE
  • CHVALIER DE LA LEGION D'HONNEUR
ជីវិត​នយោបាយ៖ មន្ត្រី​ជាន់​ខ្ពស់ របស់​ព្រះ​មហាក្សត្រ
  • រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ក្នុងរដ្ឋាភិបាលទី១ (ស្តេចស៊ីហនុ ពី ១៨ មីនា ដល់ ១៣ សីហា ១៩៤៥)
  • តំណែង​ដដែល​ក្នុង រដ្ឋា​ភិបាល​ទី​៣ (ស៊ីសុវត្តិ មុនីរេត ពី ១៧ តុលា ១៩៤៥ ដល់ ១៤ ឆ្នូ ១៩៤៦)
  • ថ្ងៃ ១៨ មករា ១៩៤៨ លោក​បាន​ជាប់​ឆ្នោត​ចូល​ក្នុង ក្រុម​ប្រឹក្សា​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដោយ​២២១ សម្លេង ក្នុង​ចំនោម​ ២២៥ សម្លេង នៃ អ្នក​តំណាង​មន្ត្រី​រាជការ ផ្នែក​យុត្តិធម៌។
  • នៅជំនាន់​នោះ​ដែរ លោក​ស្ថិត​ក្នុង​ចំណាម​អ្នក​បង្កើត​ឡើង​នូវ "សមាគម សហជីព​អ្នក​រាជការក្នុងជួរ​រដ្ឋបាល​កម្ពុជា"។ លោកជា សមាជិក គណៈកម្មាធិការ​នាយក នៃ​សមាគម​នេះ។
  • ក្នុង​ពេល​ស្នាក់​នៅ​ឯ​ប្រទេស​បារាំង​ ពីខែឧសភា ដល់ ខែ​កញ្ញា ១៩៤៩ លោកជា​សមាជិក គណៈកម្មការ​អនុវត្ត នៃ សន្ធិ​សញ្ញា បារាំង-ខ្មែរ ផ្នែក​យុត្តិធម៌ និង​សន្តិសុខ។
  • បាន​ជា​ប់​ឆ្នោត​ជា​ថ្មី​ក្នុង ក្រុម​ប្រឹក្សា​ព្រះ​រាជាណាចក្រ នៅដើម​ឆ្នាំ ១៩៥០។
  • ជា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ក្នុង​រដ្ឋា​ភិបាល​ទី ១១ (ស្តេច​ស៊ីហនុ ពី ៣ ឧសភា ដល់ ៣១ ឧសភា ១៩៥០)។
  • ថ្ងៃ ៣១ ឧសភា ១៩៥០ ក្រោយ​ពី​លោក​យល់​ថា មាន​ភាព​មិន​ប្រក្រតី​ដែលកើត​ឡើង​ក្នុង​ការ​សើប​អង្កេត លើ​ឃាដកម្ម​ទៅ​លើ លោក​នាយក​រដ្ឋ​មន្រ្តី អៀវ កើស កាល​ពី​ថ្ងៃ ១៤​ មករា ១៩៥០ លោក​បាន​ថ្វាយ​ពាក្យ​សុំ​លាលែង​តំណែង តែ​ត្រូវ​បាន ព្រះ​មហាក្សត្រ​ប្រកែក​មិន​អនុញ្ញាត។
  • លោក​កាន់​តំណែង​ដដែលក្នុង​រដ្ឋាភិបាល​ទី ១២ (ស៊ីសុវត្ថិ មុនីវង្ស ពីថ្ងៃ ២ មិថុនា ដល់ថ្ងៃ ៣១ ឆ្នូ ១៩៥០)។
  • ជា​សមាជិក​ នៃ​ក្រុមប្រឹក្សា​​រាជា​នុសិទ្ធិ ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ ៣១ មេសា ១៩៥១។
  • ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ នៃ​ព្រះ​រាជ​បល្ល័ង្ក នៅ​ថ្ងៃ ៦ ឧសភា ១៩៥១។
  • លោក​បាន​ហែហម​ព្រះមហាក្សត្រ ឆ្ពោះ​ទៅ​ប្រទស​ជប៉ុន តាម​កប៉ាល់ នៅ​ខែ មេសា ១៩៥២។
  • ជា នាយក​រដ្ឋ​មន្ត្រី​ និងរដ្ឋ​មន្ត្រីក្រសូង​មហាផ្ទៃ ព្រម​ទាំង​ជា រដ្ឋ​មន្ត្រី​ក្រសួង​ឃោសនាការ ក្នុង​រដ្ឋាភិបាលទី ២០ (ពីថ្ងៃ ២៣ វិច្ឆិកា ១៩៥៣ ដល់ថ្ងៃ ៦ មេសា ១៩៥៤)។
  • ត្រូវបាន​តែងតាំង​ជា ប្រធាន​នៃ​ប្រតិភូ​កម្ពុជា ទទួល​បន្ទុកក្នុង​ការ​ចរចា​ជាមួយ ប្រទេស​បារាំង​ (ក្រិត្យ ថ្ងៃទី ២២ មេសា ១៩៥៤)។
  • លោក​បានទទួល​មរណភាព​ក្នុង​ឆ្នាំ ១៩៥៤។

ព្រះចន្ទរាជា​ (១៥១៦ -​ ១៥៦៦)

     ស្តេច​កន មាន​អាយុ ២៩ ឆ្នាំ បាន​ឡើង​គ្រង​រាជ្យ​មាន​នាម ព្រះ​ស្រី​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី។ ទ្រង់​បាន​លើក​រាជ​ធានី​មក​តាំង​នៅ ចន្លក់​ដូន​តី (បាន ៥ ខែ) រួច​លើក​មក​តាំង​នៅ​ភូមិ​ស្រឡប់ ជា​ទល់​ដែន ខេត្ត​ត្បូង​ភ្នំ និង​បា​ភ្នំ រាជ​ធានី​ថ្មី​នេះ​មាន​ឈ្មោះ​ថា ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ។
     ព្រះ​ចន្ទ​រាជា ជា​ព្រះ​អនុជ ព្រះ​ស្រី​សុគន្ធ​បទ ជាមួយ​ព្រះរាជ​វង្សា​នុវង្ស បាន​ភៀស​ខ្លួន​ទៅ​សុំ​ជ្រក​កោន​នឹង​ស្តេច​ស្រុក​សៀម នៅ​ពេល​ដឹង​ថា ស្តេច​កន ក្បត់។ នៅ​ស្រុក​សៀម​ព្រះ​ចន្ទ​រាជា តែង​តែ​ទៅ​ទាក់​ដំរី យក​ដំរី​ថ្វាយ​ស្តេច​ស្រុក​សៀម។ ពេល​ដឹង​ថា​ព្រះ​រាម បាន​ត្រូវ​បក្ស​ពួក ស្តេច​កន ធ្វើ​គត់​​ហើយ ទ្រង់ក៏​រក​មធ្យោបាយ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ទ្រង់​បាន​ប្រឌិត​ថា ទៅ​ទាក់​ដំរី​ស នៅ​ប៉ែក​ខាង​កើត​ស្រុក​សៀម។ ដំរី​ស​នោះ​មាន​កម្ពស់ ១០ ហត្ថ (៥ ម៉ែត្រ)។ ព្រះ​ចៅ​សៀម បាន​ព្រម​ឲ្យ​ពល​ចំនួន ៥០០ នាក់ ដំរី​ឆ្នាក់ ៥០ គ្រឿង​សាស្ត្រា​វុធ ស្បៀង​អាហារ និង​ដាវ​អាជ្ញា​សឹក។ ព្រះ​ចន្ទ​រាជា មិន​បាន​ទាក់​ដំរីស​ទេ តែ​បាន​នាំ​ទ័ពចូល​ស្រុក​ខ្មែរ ទៅ​ដល់ បាត់​ដំបង បាន​កែន​ពល ១០០០០ នាក់ ហើយ​លើក​ទ័ពឆ្ពោះ​ទៅ​ពោធិ៍សាត់។ តា​ពេជ្រ ជា​មេ​ទ័ពជំនិត ព្រះ​ចន្ទ​រាជា បាន​វាយ​យក ខេត្ត​ក្រគរ​ខ្លុង​ក្រង។ នៅ​ឆ្នាំ ១៥២៥ ព្រះ​ចន្ទ​រាជា បាន​ចាត់​ឲ្យ​ទៅ​ទិញ​កាំ​ភ្លើង​ ធំ តូច ពី​ប្រទេស​ម៉ា​ឡាយូ ដើម្បី​វាយ​ផ្តាច់​ព្រាត់ទៅទ័ព ព្រះ​ស្រី​ជេដ្ឋា។ ទ័ព​ព្រះចន្ទ​រាជា​ចែក​ជា​ បីផ្លូវ។ ព្រះ​អង្គ ទ្រង់​នាំ​ទ័ព​ទៅ​វាយ​បន្ទាយ​ស្រីសឈរ (ស្រិ​សន្ធរ) ដោយ​ផ្ទាល់​ព្រះ​អង្គ។ ព្រះ​ស្រី​ជេដ្ឋា និង​ចៅហ្វា​កៅ (មន្ត្រី​ក្បត់) ខំ​វាយ​ទម្លុះ​រត់​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រឡប់​ពិជ័យ ដែល​ទី​បំផុត បន្ទាប់​ពី​បាន​តស៊ូ បី​ខែមក ទ័ព​ព្រះ​ស្រី​ជេដ្ឋា បាន​ទទួល​បរាជ័យ។ ឯ​ចំណែក ចៅហ្វា​កៅ ក៏​ត្រូវ​គេ​សម្លាប់​នៅ​បន្ទាយ​នោះ​ដែរ។ សង្គ្រាម​ក្នុង​ស្រុក មាន​រយៈ​ពេល ៩ ឆ្នាំ (១៥១៦​ - ១៥២៥) បាន​បញ្ចប់​នៅពេល​នោះ។
     ព្រះ​ចន្ទ​រាជា បាន​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ ១៥១៦ មាន​នាម ព្រះចន្ទរាជា ក្រោយ​ពេល​រក​ឃើញ ព្រះ​ខាន់​រាជ្យ លំពែង​ជ័យ និង​គ្រឿង​បច្ចក្សេត្រ។ ព្រះអង្គ មាន​រាជធានីមក​គង់​នៅ​ក្រុងលង្វែក។ រាជ​ធានី​ថ្មី​នេះ ត្រូវ​បាន​កសាង​ប្រហែល ៣ ឆ្នាំ (១៥២៧ - ១៥២៥)។
     ពេល​ដែល​ដឹង​ថា ព្រះ​ចន្ទ​រាជា កាន់​អំណាច​ស៊ប់​នៅ ប្រទេស​ខ្មែរហើយ ព្រះចៅ​សៀម​ក៏​បាន​ទាម​ទារ​យក​សួយ​សារ​អាករ​ពី​ស្តេច​ប្រទេស​ខ្មែរ ដែល​ប្រទេស​នេះ ឆ្លាប់​បាន​ផ្តល់​ឲ្យ​តាំង​ពីរាជ្យ ព្រះ​បាទ​ស្រីធម្មរាជា​ទី១ (១៤៨៦ - ១៥០៤)។ ព្រះ​ចន្ទ​រាជា ពុំព្រម។ សៀម​បាន​លើក​ទ័ព​មក​លុក​លុយ ខេត្ត​អង្គរ។ ព្រះ​អង្គ បាន​លើក​ទ័ព​ខ្មែរ​ទៅ​ត​ទល់​នៅ​ត្រង់ ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ឈ្មោះ​ថា សៀម​រាប គឺ​ជា​អនុស្សាវរីយ៍​ដែល​ខ្មែរ​បាន​ទទួល​ជោគ​ជ័យ​លើ ទ័ព​សៀម​ឈ្លាន​ពាន។ ដើម្បី​ជា​ការ​សង​សឹក នៅ​ឆ្នាំ ១៥៣០ ព្រះ​ចៅ​សៀម បាន​​បញ្ជា ពញាអុង "បុត្រ​ព្រះស្រី​រាជា (១៤៦៩​ - ១៤៨៥) ក្លាយជា​បុត្រ​ធម៌​ព្រះ​ចៅ​សៀម និង​បាន​កាន់​តំណែង​ជា ចៅហ្វាយ​ខេត្ត​សុវណ្ណខាត់លោក" លើក​ទ័ព ៩ ម៉ឺន​នាក់​មក​វាយ​ខ្មែរ​ម្តង​ទៀត។ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​ទៅ​តទល់​គ្នា​នៅ ពោធិ៍សាត់។ ទ័ព​សៀម​ជើង​ទឹក ក៏​បាន​ឡើង​គោក​នៅ​ឈូង​សមុទ្រ​សៀម​ដែរ តែ​ត្រូវ​ទ័ព​ខ្មែរ​វាយ​បាក់​រត់​ខ្ចាត់​ខ្ចាយ​ទៅ។ នៅ​សម​រភូមិ​ពោធិ៍សាត់ មេទ័ព​សៀម​បាន​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​មាន ពញា​អុង ផង​ដែរ ដោយ​បានត្រូវ​ព្រួញ​ស្លាប់​លើ​ខ្នង​ដំរី។ ឯពល​តាហាន​សៀម​ស្លាប់​អស់​ពាក់​កណ្តាល ដំរីងាប់​អស់​ជា​ច្រើន អាវុធ​យុទ្ធ​ភ័ណ្ឌ ត្រូវ​បាន​រឹប​អូស​យក​យ៉ាង​សន្ធឹក​សន្ធាប់។ ព្រះ​ចន្ទ​រាជា បាន​បញ្ជាឲ្យ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ពញា​អុង សាង​ព្រះ​វិហារ​បញ្ចុះ​ធាតុ រួចហើយ​ទ្រង់បាន​យាង​ចូល​បន្ទាយ​លង្វែក​វិញ។
     នៅឆ្នាំ ១៥៣១ ព្រះ​ចន្ទ​រាជា​បាន​លើក​ទ័ព​ទៅ​រំដោះ​អាណា​ខេត្ត​ខាង​លិច ដែល​បាន​បាត់​បង់​ក្នុង​រាជ្យ​មុនៗ ទ្រង់​បាន​រំដោះ​យក​ខេត្ត បស្ចឹម​បុរី មក​វិញ។​
     ចាប់ពីឆ្នាំ ១៥៥៦ ស្តេច​ភូមា នាម បាយិណោង បាន​លើក​ទ័ព​មក​វាយ​សៀម ដណ្តើម​យក​បាន​រាជ​ធានី អយុធ្យា នៅឆ្នាំ ១៥៦៤។ ឆ្លៀត​ពេល​នោះ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​វាយ​សៀម​នៅ​ឆ្នាំ ១៥៥៧ រំដោះ​យក​ខេត្ត ចន្ទបុរី និង​ខេត្ត​ផ្សេង​នៅ​ជិតៗ​នោះ។ ខ្មែរ​បាន​លើក​ទ័ព​វាយ​សៀម​ពីរ​លើក​ទៀត គឺ​នៅ​ឆ្នាំ ១៥៥៩ និង ១៥៦២ ហើយ​ចាប់​បាន​សៀម​ជា​ឈ្លើយ​សង្គ្រាម​ជាច្រើន នាំ​មកស្រុក​ខ្មែរ។ ព្រះ​ចន្ទ​រាជា បាន​តាំង​ស្តេច​ត្រាញ់ ៥ អង្គរ ជា​ចៅ​ហ្វាយខេត្ត គឺចៅ​ហ្វាយ​ខេត្ត​អា​សន្ទុក ១ ខេត្ត​ពោធិ៍​សាត់ ១ ខេត្ត​ត្បូង​ឃ្មុំ ១ ខេត្តបាភ្នំ ១ ខេត្ត​ទ្រាំង ១។ ទ្រង់​បាន​សោយ​ទី​វង្គត់​នៅ​ក្រុង​លង្វែក នៅ​ឆ្នាំ ១៥៦៦ ព្រះ​អដ្ឋិធាតុ តំកល់​នៅ​លើ​ភ្នំ ព្រះ​រាជា​ទ្រព្យ សព្វថ្ងៃ។

ប៊ុណ្ណ ចន្ទម៉ុល

    តាមរយៈ​អ្នកនិពន្ធ​កន្លងមក ដូចជា​លោក ប៊ុណ្ណ ចន្ទម៉ុល ហាក់​ព្យាយាម​ពន្យល់ “គាត់​ជា​ប្រធាន ឬ​ប្រមុខ​នៃ​ចលនា​ខ្មែរឥស្សរៈ​ដំបូង​គេ” នៅ​បាត់ដំបង​តែប៉ុណ្ណោះ​។ តែ​តាមការពិត​កំណកំណើត​របស់ ចលនា​ខ្មែរឥស្សរៈ បើសិន​យើង​ធ្វើ​ការពិភាក្សា វែកញែក ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ឯកសារ​ពិគ្រោះ ដទៃ​ទៀត ក៏ដូចជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ការសាកសួរ​លោក នី វ៉ាន់ធី គឺ​មានដំណើរ​ដូច​ខាងក្រោម​៖

     កំណកំណើត
    ចលនាតស៊ូ​ដំបូង​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​បច្ឆាជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​អភ័យ ធីបេស “បែន” ឈ្មោះ ប៉ុក គុណ ឬ ប៉ុក ផល្គុណ ហៅ​តាត្រឡាច​។ គាត់ និង​បក្សពួក​បាន​ដាក់ឈ្មោះ​ថា “ចលនា​ខ្មែរឥស្សរៈ” មាន​មូលដ្ឋាន​បង្អែក​នៅ​ខេត្ត​បាត់ដំបង ដែល​កាលនោះ​ជា​ដែនដី​ស្ថិតនៅ​ក្រោមការ ត្រួតត្រា​របស់​ថៃ មួយរយៈពេល​ខ្លី ឆ្លៀតពេល​ដែល​បារាំង​ចាញ់​ដៃ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ និង​ត្រូវ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​អំណាច​យោធា​ជប៉ុន​។ ចលនា​នេះ មាន​ទីស្នាក់ការ​ធំ​នៅផ្ទះ​អ្នក ល៉្មាយ ដែល ជា​កូនស្រី​ម្នាក់​នៃ​ត្រកូល “កថាថន” ដែល​ជា​បច្ឆាជន​របស់​អភ័យធីបេស “បែន” ដែរ​។ តា ត្រឡាច បាន​តាំង​មេដឹកនាំ​ផ្ទាល់ ដែល​ជា​អតីត​គ្រូបង្រៀន​ម្នាក់ ឈ្មោះ រស់ យឿន និង​ភូឈួយ​របស់​គាត់ ឈ្មោះ បូរិន​។ ចលនា​ខ្មែរឥស្សរៈ​បាន​ធ្វើ​ប្រតិបត្តិការ​តែ​នៅ​ក្នុង​តំបន់​ទីរួមខេត្ត និង​ជាយ​ទីក្រុង​បាត់ដំបង ពិសេស នៅ​ម្ដុំ វត្តក្តាំងងារ វត្តលៀប និង​វត្តពិភិទ្ឋរង្សី ហៅ​វត្តកំភិត​។

នៅ​ក្នុង​ស្នាដៃ “ចរិតខ្មែរ” របស់​គាត់, លោក ប៊ុណ្ណ ចន្ទម៊ុល ពិតជា​មិន​បាន​បង្ហាញ​កំណើត​ដើមទង របស់​ខ្មែរឥស្សរៈ​ឱ្យ​បាន​ជាក់ច្បាស់​នោះ​ទេ ហេតុដូច្នេះហើយ ទើប​មាន​អ្នកអាន​ជាច្រើន​យល់ថា រូប​គាត់ តែម្នាក់ ដែល​ជា​មេ​ផ្ដួចផ្ដើម​បង្កើត​ចលនា​ឥស្សរៈ​ដំបូងៗ​នោះ​។ ម៉្យាងទៀត ទាក់ទិន​នឹង​បញ្ហា វាក្យសព្ទ “ឥស្សរៈ” នេះ គាត់​បាន​ឱ្យ​និយមន័យ​ថា “ធំ, មិន​កញ្ជះ​គេ, ជា​អ្នកជា​។ ដូច្នេះ ខ្មែរឥស្សរៈ គឺជា​ក្រុម​ខ្មែរ ដែល​ជា​ម្ចាស់​លើ​ខ្លួនឯង គ្មាន​នៅ​ក្រោម​អំណាច​នរណា, ជា​ខ្មែរ​មាន​ឯករាជ្យ, មាន​សេរីភាព, មាន​សិទ្ធិ គ្រប់គ្រាន់​ជា​ខ្មែរ”​។ តើ​ដោយសារ ខ្មែរឥស្សរៈ ជា​ខ្មែរ​មិន​កញ្ជះ ឬ នៅ​ក្រោម​បង្គាប់​គេ​ដូច្នេះ​ហើយ​ឬ ដែល​បណ្តាល​ឱ្យ​ពួក​មេដឹកនាំ​ខ្មែរឥស្សរៈ​មិន​រវល់​ទៅ​ពឹងពាក់​កម្លាំង ឬ​ជំនួយ​ពី​បរទេស ដែល​អាច​នាំ​ឱ្យ ពួកគេ​ធ្លាក់​ក្នុង​អន្លង់ ឬ​នឹម​ត្រួតត្រា​របស់​បរទេស​នោះ​? ម៉្លោះហើយ ដើម្បី​ជំនួស​ជំនួយបរទេស តើ​ពួកគេ ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើការ​តស៊ូ​បាន​?

     សមាជិក និង​ការ​រីក​លូតល
     មាន​ហេតុផល​ជាច្រើន​ដែល​ផ្ដល់​ឱកាស​ឱ្យ​ចលនា​ខ្មែរឥស្សរៈ​រីក​ធំធាត់ និង​ប្រមូល​បាន​កា​រគាំទ្រ យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​។ មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ​បំផុត គឺ​ដោយសារ​ការ គាបសង្កត់​ពី​សំណាក់​បារាំង​។ ដូច​ដែល​គេ​បាន​ដឹង មាន​មន្ត្រី​ អាណានិគម​បារាំង​មួយចំនួនធំ តែង​ធ្វើការ គាបសង្កត់ ទារ​ពន្ធដារ​ធ្ងន់ធ្ងរ​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ​។ ដូច្នេះ​ហើយ ទើប​មាន​ការ​តស៊ូ​វាយ​បារាំង​ឆ្នាំ ១៩៨៤-១៩៨៦ ព្រឹត្តិការណ៍​១៩១៦ ព្រឹត្តិការណ៍​សម្លាប់​លោក​បារដេស​ឆ្នាំ១៩២៥ និង​បាតុកម្ម​ឆត្រ របស់​ព្រះសង្ឃ​ឆ្នាំ​១៩៤២​ជាដើម​។ ទាំងនេះ អាច​ជា​មូលហេតុ​សមរម្យ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ក្រោកឈរ​ឡើង ប្រឆាំង​បារាំង​។

លើសពីនេះ​ទៅទៀត ក្រោយ​ការ​ចាប់ខ្លួន​របស់​អាចារ្យ ហែម ចៀវ នៅ​ឆ្នាំ​១៩៤២​ក៏​បាន​ជំរុញ​ឱ្យ ព្រះសង្ឃ​ខ្មែរ​ជាច្រើន រត់​ចូលរួម​ជាមួយ​ចលនា​នេះ​ដែរ​។ ការ​ភ័យខ្លាច​បណ្ដាលមកពី​ការ​មាន​ការ​រំលោភបំពាន​ពីសំណាក់​បារាំង ដូចជា​គំរូ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជន​ស្នេហាជាតិ ប៉ាច ឈឺន និង​ចុងក្រោយ​ការ​ចាប់ខ្លួន​លោក ស៊ឺង ង៉ុកថាញ់ នា​ឆ្នាំ​១៩៤៥ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត នា​ពេល​បារាំង​វិល​មក​កម្ពុជា ជា លើកទី២ បាន​បង្ខំ​ឱ្យ​កូនចៅ បក្សពួក​របស់​គាត់ រត់​ទៅ​ខេត្ត​បាត់ដំបង និង ចូលព្រៃ​រួបរួម ជា​ចលនា​តស៊ូ​ឥស្សរៈ ដើម្បី​ជា​ការ​ដោះ​គេចខ្លួន និង​បុព្វហេតុ​ដ៏​សមស្រប​មួយ គឺ​តស៊ូ​ដណ្ដើម​ឯករាជ្យជាតិ នោះ​សម្រាប់ ពួក​អ្នកចេះដឹង​។ ដូច្នេះ​មធ្យោបាយ ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ គឺ​ចាប់កាន់​អាវុធ​ប្រឆាំង​បារាំង​។

ប៉ុន្តែ​បើ​តាម​លោក វ.ម. រេឌ្ឌី (V.M. Reddi) យល់ថា ការ​ចុះសន្ធិសញ្ញា ម៉ូដុស វីវ៉ង់ឌី (Modus Vivendi) ដែល​ទទួលស្គាល់​កា​វិលត្រឡប់​របស់​បារាំង មកកាន់​ប្រទេស​កម្ពុជា នា​ខែ​មករា​ឆ្នាំ​១៩៤៦ នោះ បាន​បញ្ឆេះ​អ្នក​មិន​ពេញចិត្ត​នឹង​រដ្ឋការ​បារាំង ឱ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង នាំគ្នា​ប្រឆាំង​បារាំង ជាមួយ​ខ្មែរឥស្សរៈ​ដែរ​។ ប៉ុន្តែ បើ​តាម​លោក ចន កូស (Jonh Coast) លើកឡើង​ថា “ខ្មែរឥស្សរៈ មិន​អាច​ធំធាត់ និង​អាច​ទាក់ទាញ​ការ ចាប់ អារម្មណ៍​ពីសំណាក់​បារាំង និង​រដ្ឋាភិបាល​ខ្មែរ​បានទេ បើ​សិន​គ្មាន ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​ពីសំណាក់​បញ្ញវន្ត និង ជនជាតិ​ថៃ​ដែល​មាន​ចិត្ត​ស្អប់​បារាំង និង​លោភលន់​ចង់បាន​ទឹកដី​ខ្មែរ​នៅ​តំបន់​អង្គរ​។ ដូច្នេះ តើ​មតិយោបល់​របស់ លោកអ្នក​ប្រាជ្ញ​ណា​ម្នាក់​ដែល​ត្រឹមត្រូវ​ជាង​? ឬ មួយ​មាន​ហេតុផល​អ្វី​ផ្សេង​? ហើយ​នរណា​អាច​ជួយ​ផ្ដល់​ចម្លើយ​សមស្រប និង​ជាក់ស្ដែង​តាម​ព្រឹត្តិការណ៍ នៅ​ក្នុងកំលុង​ពេល​នោះ​?

ទោះជាយ៉ាងណាក៏ដោយ រហូតដល់​ឆ្នាំ​១៩៤៥ ចលនា​ខ្មែរឥស្សរៈ​មាន​អ្នកគាំទ្រ​ដែល​មាន​សមានចិត្ត​ទាំង​ប្រុស​ទាំង​ស្រី​ប្រហែល ៣០០០​នាក់ និង​មាន​កងទ័ព​ប្រហែល ១០០០​នាក់​នៅ​ឆ្នាំ​១៩៤៦ ដែល​អ្នក ទាំងអស់​នោះ ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការវាយប្រហារ​ដំបូង នៅក្រុងសៀមរាប​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​១៩៤៦​។

     សកម្មភាព
    ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន ក្រុម​ខ្មែរឥស្សរៈ​បាន​អនុវត្ត​នូវ​សកម្មភាព​ជាច្រើន​គួរឲ្យ​កត់ សំគាល់ និង​ភ័យខ្លាច​សម្រាប់​ អាណានិគម​បារាំង​។ ពួកគេ​បាន​កំណត់​ថា ធ្វើ​យ៉ាងណា ដើម្បី​រំខាន​អាជ្ញាធរ​បារាំង ឱ្យ​មាន​ការពិបាក​គ្រប់គ្រង​ស្រុកទេស ដូចជា ការ​ធ្វើ​សង្គ្រាម​ទ័ពព្រៃ ការ​វាយឆ្មក់ និង​ការ​ពួនស្ទាក់ ដើម្បី​វាយ​យក​ភស្តុភារ និង​សម្ភារៈ​ផ្សេងៗ​ដែល​ពួក​បារាំង​ដឹកជញ្ជូន​តាម​ផ្លូវ​ជាដើម​។ ម៉្យាងវិញទៀត ពួកគេ​ក៏​តែង​បាន​បិទ​ផ្លូវ​ទំនាក់ទំនង​របស់​បារាំង ដែល​នាំ​ឱ្យ​បារាំង​ពិបាក​ទាក់ទង​គ្នា​ធ្វើការ​ត្រួតត្រា ឬ​បង្ក្រាប ក្រុម​បះបោរ​។ ខ្មែរឥស្សរៈ កម្ចាត់​ចោល​នូវ​ជនជាតិ​ខ្មែរ​ទាំងឡាយ ដែល​និយម​ចូលចិត្ត និង​ធ្វើ​គិញ​បារាំង ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​កំហឹង​របស់​ខ្មែរឥស្សរៈ​។

ជា​ការ​ល្អ​ប្រសើរ​ដែរ​សម្រាប់​ការសិក្សា​ប្រវត្តិសាស្ត្រ ដែល​កន្លងមក លោក ប៊ុណ្ណ ចន្ទម៉ុល បាន រៀបរាប់​ឱ្យ​យើង​ដឹង​ពី​អំពើ​ឃោរឃៅ​មួយ​ចំនួន​របស់​ឥស្សរៈ ដូចជា​ការ​សម្លាប់​គិញ​បារាំង​ឈ្មោះ ប៊ុន ចាន់ និង​ការ​ធ្វើទារុណកម្ម​គិញ​ដទៃ​ទៀត បែប​ស្រងែ​ពែន​។ លើសពីនេះទៀត គាត់​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​ព្រឹត្តិការណ៍​វាយប្រហារ​លើកដំបូង​របស់​ខ្មែរឥស្សរៈ​នៅ​ទីក្រុង​សៀមរាប នៅ​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ ១៩៤៦​។

ពួក​កងឯកភាព​រួម​របស់​ខ្មែរឥស្សរៈ ជា​អ្នក​បាន​ចាប់ផ្ដើម​ចេញ​ប្រតិបត្តិការ​វាយប្រហារ​នេះ​។ ពួកគេ​បាន​បែងចែក​គ្នា​ជា​ប្រាំ​ក្រុម ទីមួយ​គឺ​ក្រុម​ដឹកនាំ​ដោយ ហែម សាវ៉ាង និង ហែម សាវ៉ាត (ជា​បងប្អូនបង្កើត​នឹងគ្នា) ដែល​មាន​ទិសដៅ​វាយ​សណ្ឋាគារ​ខេត្ត​។ ក្រុម​ទីពីរ គឺ​ក្រុម​សម្រាប់​វាយ​បន្ទាយទាហាន​ជើង​ខ្មៅ​។ ក្រុម​ទីបី​គឺ ក្រុម​មាន​គោលដៅ​វាយ​ប៉ុស្តិ៍​ប្រៃសណីយ៍ និង​ផ្ដាច់​វិទ្យុ​។ ក្រុម​ទីបួន វាយ​ពន្ធនាគារ រំដោះ​អ្នកទោស​។ ក្រុម​ទីប្រាំ ដឹកនាំ​ដោយ​ដាបឈួន មាន​គោលដៅ​វាយ តម្រួត​ខេត្ត និង​ផ្ទះគយ​។ តែ​បើ​តាម​ការស្រាវជ្រាវ​របស់​ប្រវត្តិវិទូ​អូស្ត្រាលី ចន ទូលី (Jonh Tully) បាន​អះអាង​ថា ក្នុង​ការវាយប្រហារ​នេះ ប្រទេស​ថៃ​ត្រូវ​បាន​បារាំង​បន្ទោស និង​ចោទប្រកាន់​ថា បាន​ផ្សំ​គំនិត​រៀបចំ​ផែនការ និង​បញ្ជា​លើ​ការវាយប្រហារ​នេះ​។ តែ​តាម លោក ប៊ុណ្ណ ចន្ទម៊ុល អះអាង​ថា គឺ​ពួក​ថៃ​ក៏​មិន​បាន​ចូលរួម ឬ ដឹង​គម្រោងការណ៍​នេះ​ឡើយ​។ ពួក​ខ្មែរឥស្សរៈ​ផ្ទាល់​តែ​ម្ដង ដែល​រៀបចំ​ការវាយប្រហារ​ដូច​ខាងលើ​។

កងទ័ព​ខ្មែរឥស្សរៈ​បាន​វាយលុក​ក្រុង​បាន​រយៈពេល ៤​ម៉ោង តែ​ព្រឹក​ឡើង​ត្រូវ​ទ័ព​បារាំង​ដេញ​វាយ​វិញ​យ៉ាង​សង្ខុញ​។ ពួកគេ​ប្រមូល​ជ័យភណ្ឌ​បាន​យ៉ាង​ច្រើន ពិសេស​ក្រុម​ប្រតិបត្តិការ​របស់ ដាប ឈួន ដែល​ជាហេតុ​មួយ​ធ្វើ​ឱ្យ​គាត់​មាន​ឈ្មោះ​ល្បី​ឡើង និង​មាន​ថវិកា​ច្រើនជាង​ក្រុម​ដទៃ​ទៀត​។ គាត់​មិន​បាន ត្រឡប់​មក​បាត់ដំបង​វិញ​ទេ ក្រោយ​ការ​វាយ​បក​យ៉ាង​លឿន​របស់​បារាំង​នោះ​។ ជា​លទ្ធផល​នៃ​ការវាយប្រហារ​នេះ មាន​សាកសព​ស្លាប់​នៅកន្លែង ៣០​នាក់ រួមបញ្ចូល​ទាំង​នាយទាហាន​បារាំង​៧​នាក់​ផង​ដែរ​។ ចំណែក​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ភាគី​ទាំង​សង្ខាង​មាន​មនុស្ស​ស្លាប់ និង​របួស​ប្រហែល​ច្រើនជាង​នេះ​។

វា​ហាក់​ដូចជា​ថា អស់​លោក​អ្នក​តស៊ូ និង​អ្នក​ស្រាវជ្រាវ​ទាំងអស់​នេះ​អាច​ផ្ដល់​ព័ត៌មាន​បាន​ល្អ និង​ច្បាស់​ជាង​គ្នា​ដោយអន្លើ ហើយ​អាច​បង្គ្រប់​គ្នា​ទៅ វិញទៅមក បង្កើត​បានជា​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​មួយ​នៃ ចលនា​ខ្មែរឥស្សរៈ​។ តែ​ការពិត ខ្ញុំ​យល់ថា អស់លោក​ទាំងអស់ នៅ​មិន​ទាន់​បាន​លាតត្រដាង​ប្រវត្តិសាស្ត្រ​ពិត​នៃ​ចលនា​នេះ​ទេ​។ ទីមួយ លោកម៊ុល ដូច​ដែល​គាត់​បាន​បញ្ជាក់ គឺ​គាត់​បាន​ដក​ខ្លួន​ចេញ​ពី​ចលនា​ខ្មែរឥស្សរៈ តាំងពី​ភាគ​ដំបូង​នៃ​ចលនា​តស៊ូ​នេះ​ម៉្លេះ​។ ម៉្លោះហើយ មាន​អាថ៌កំបាំង​ជាច្រើន​ទៀត ពិសេស ជីវភាព និង​របត់​នៃ​កម្លាំង​តស៊ូ​របស់​ខ្មែរឥស្សរៈ​របស់​ទ្រង់ ចន្ទរង្សី (នា​ពេលក្រោយ) ដែល​គាត់​មិន​អាច​ដឹង ឬ​មិន​បាន​សរសេរ​។

ទីពីរ ទាំង​ប្រវត្តិវិទូ​ឥណ្ឌា វ. ម. រេឌ្ឌី ទាំង​ប្រវត្តិវិទូ​អូស្ត្រាលី ចន ទូលី ក៏​ដូចជា​អ្នកស្រាវជ្រាវ មួយ​ចំនួន​ទៀត ពិតជា​មិន​បាន​សិក្សា​លំអិត​ពី​ចលនា​តស៊ូ​នេះ​ទេ​។ ជាក់ស្ដែង នៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា“ប្រវត្តិសាស្ត្រ​នៃ​ចលនា(ទាមទារ)ឯករាជ្យ​កម្ពុជា” លោក រេឌ្ឌី បាន​ត្រឹមតែ​រៀបរាប់ ខ្លះ​តែ​ប៉ុណ្ណោះ​អំពី​ចលនា​ខ្មែរឥស្សរៈ​។ ម៉្យាងទៀត គាត់​បាន​ត្រឹមតែ​បញ្ជក់​ពី​រូបភាព​ទូទៅ​នៃ​ចលនា​នេះ ដោយ​គាត់​ចំណាយ​ពេល​វែង ថ្លាថ្លែង​ពី​ការ​ទាមទារ​ឯករាជ្យ​របស់​ក្រុម​តស៊ូ​ដោយ​វិធី​ការទូត​នៅ​ក្នុង​ស្រុក​។ ចលនា​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​ស្រុក​នេះ​រួមមាន ក្រុម​អភិរក្សនិយម (the Conservatives) ដែល​មាន សម្ដេច នរោត្ដម សីហនុ ជា​ប្រមុខ, ក្រុម​មជ្ឈន្តិកជន (the Moderators) ដែល​មាន​ពួក​បញ្ញវន្ត​សម័យ​ទំនើប​ជាគោល, ហើយ​គាត់​បាន​បន្ត​ចាត់​ទុក​ពួក​ខ្មែរឥស្សរៈ​សេរីនិយម ជា​ផ្នែក​មួយ​នៃ​ក្រុម​ក្រោយនេះ​។ ឯ​ក្រុម​ទីបី គឺ​ពួក​ឧទ្ទាម​ព្រៃ (the Radicals) ដូចជា​ពួក​ខ្មែរ​វៀតមិញ​។ ទោះជា​គាត់​បាន​បែងចែក យ៉ាង​ច្បាស់​ដូចនេះ​ហើយ​ក្ដី​តែ​គាត់​មិន​បាន​ថ្លឹងថ្លែង​ស្រាវជ្រាវ​ពី​ជំពូក​អ្នក​តស៊ូ​ទាំង​បី​ក្រុម​នោះ ឱ្យ​ស្មើគ្នា​ទេ​។ ទន្ទឹម​នឹង​នេះ​ចលនា​ខ្មែរឥស្សរៈ​ត្រូវ​បាន​លោក ចន ទូលី ពិភាក្សា​និង​ចំណាយ​ត្រឹមតែ​មួយ​ជំពូក​តូច នៃ​សៀវភៅ “ប្រវត្តិ​អាណាព្យាបាល​បារាំង នៅ​កម្ពុជា” របស់​លោក ដែល​មាន​ជាង ៥០០​ទំព័រ ឯណោះ​។

ក្រៅពីនេះ អ្នកនិពន្ធ​ដទៃ​ទៀត ហាក់​ដូចជា​មិន​មាន​ការស្រាវជ្រាវ​ផ្ទាល់​ខ្លួន​ឱ្យ​ច្បាស់​អំពី​ចលនា តស៊ូ​បែប​នេះ​ទេ គឺ​ពួកគេ​បាន​ត្រឹមតែ​ដកស្រង់ និង​យោង​លើ​ឯកសារ​ចាស់​របស់​គេ​ប៉ុណ្ណោះ​។
ការ​គំរាមកំហែង​ចំពោះ​រដ្ឋអំណាច

លោក ប៊ុណ្ណ ចន្ទម៉ុល បាន​យល់ថា“ការវាយប្រហារ​លើ​ក្រុងសៀមរាប​នេះ មិន​សន្មត​ថា ជោគជ័យ ឬ បរាជ័យ​អ្វី​ទេ​។ ប៉ុន្តែ​ជា​ស្រមោល​តស៊ូ​មួយ ដែល​ធ្វើ​ឱ្យ​ពួក​បារាំង​ភ័យផ្អែមមាត់​មួយ​គ្រា​ដ៏​ធំ​ទៅ​ដែរ ហើយ​វា​អាច​បណ្ដុះ​ទឹកចិត្ត​ខ្មែរ​ឯទៀត ឱ្យ​ភ្ញាក់​រលឹក​ឡើង​ផង​។” នេះ​គ្រាន់តែ​ជា​ការព្រមាន​មួយ​របស់​ខ្មែរឥស្សរៈ​ទៅលើ​ អាណានិគម​បារាំង​​។ ឯ​ការពិត​នោះ គឺ​ចាប់តាំងពី​ពេល​នោះ​មក​រហូតដល់​ពេល​បារាំង សម្រេចចិត្ត​ប្រគល់​ឯករាជ្យ​ពេញ​បរិបូណ៌ ដល់​ប្រទេស​កម្ពុជា​នោះ ចលនា​ខ្មែរឥស្សរៈ​បាន​បង្ក​បញ្ហា​ច្រើន​ណាស់​ដល់​អាជ្ញាធរ​បារាំង​។

បើ​តាម​ការ​អួតអាង​របស់​អតីត​ខ្មែរឥស្សរៈ​ម្នាក់​ឈ្មោះ ក្រុត ធាម បាន​ប្រាប់​ទៅ​លោក ប៊ិន ឃៀនិន ថា​ប្រសិនបើ​បារាំង​មិន​បាន​ផ្ដល់​ឯករាជ្យ​ពេញ​បរិបូរណ៍​ដល់​សម្ដេច​ សីហនុ​នោះ​ទេ ម៉្លេះ​ទ្រង់​ពិតជា​ប្រឈមមុខនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​មិនខាន ព្រោះ​នា​ពេលនោះ​ដែនដី​កម្ពុជា​មួយភាគបី​ត្រូវ​បាន​ត្រួតត្រា​ដោយ​ខ្មែរឥស្សរៈ​។ ឆ្លើយតប​នឹង​ការ​អួតអាង​នេះ សម្ដេច សីហនុ ផ្ទាល់​បាន​សារភាព​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ថៃ ថាបើ​គ្មាន​ព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​បារាំង​ទេ ប្រទេស​កម្ពុជា​ប្រហែល​មាន​ផ្ទុះឡើង​នូវ​ការ​បះបោរ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​បារាំង និង​ប្រឆាំង​រាជានិយម​ផ្ទាល់​តែម្តង​។ ប្រសិនបើ​ព្រះអង្គ​មិន​ប្រញាប់ប្រញាល់ ទាមទារ​ឯករាជ្យ​ពេញ​បរិបូណ៌​ទេ​នោះ ប្រជាជន​កម្ពុជា​មុខតែ​នឹង​ងាក​ទៅ​សង្ឃឹម​លើ​លោក ស៊ឺង ង៉ុកថាញ់ និង ខ្មែរឥស្សរៈ​ជា​ពុំខាន ព្រោះ​ពួកគេ​ប្រាថ្នា​ចង់បាន​តែ​ឯករាជ្យ​ពេញ​បរិបូរណ៍ ដោយ​មិន​ពេញចិត្ត​នឹង​អ្វី​ដែល ព្រះអង្គ​ពី​មុន​បាន​ហៅថា “ឯករាជ្យ​៥០​ភាគរយ” នោះ​ទេ​។

ដូច្នេះ​ចង់ ឬ​មិន​ចង់ ទាំង​បារាំង ទាំង​សម្ដេច​ សីហនុ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​ឡើង​នូវ​ឥទ្ធិពល របស់​ពួក​ខ្មែរឥស្សរៈ និង​ដឹង​នូវ​តួនាទី​សំខាន់​របស់​ខ្មែរឥស្សរៈ ក្នុង​ការ​ទាមទារ​ឯករាជ្យ​សម្រាប់​ជាតិ មាតុភូមិ​កម្ពុជា​។ ដូច្នេះ សម្ដេច សីហនុ ត្រូវ​ស្រូតរូត​ផ្ដើម​យុទ្ធនាការ​ទាមទារ​ឯករាជ្យ​ឱ្យ​បាន​មុន​ការ​គំរាមកំហែង​ចំពោះ​ព្រះអង្គ​ដែល​អាច​កើតឡើង ហើយ​ដើម្បី​ជម្នះ​លើ​ការ​គំរាមកំហែង​នេះ ព្រះអង្គ​ត្រូវ​ឈានទៅមុខ មុន​ពួក​ជាតិ​និយម​ឥស្សរៈ និង​ពួក​កុម្មុយនិស្ត​វៀតមិញ​។ តែទោះជាយ៉ាងណាក៏ដោយ ចាប់ពី ឆ្នាំ ១៩៤៨ ចលនា​ខ្មែរឥស្សរៈ ក៏​កាន់តែ​រីក​ធំ តាម​ការដឹកនាំ​របស់​មេ​ផ្ទាល់​របស់​ពួកគេ​តែ​រៀងៗ​ខ្លួន ដូចជា ខ្មែរឥស្សរៈ ក្រោម​ការ​ដឹកនាំ​របស់ ដាប ឈួន, ពុយ ឆាយ លាវ កែវមុនី មាន​ទីតាំងនៅ ភ្នំដងរែក, កៅ តក់ និង​ក្រុម ខ្មែរឥស្សរៈ​របស់​ទ្រង់​នរោត្តម​ចន្ទរង្សី ដែល​កំពុង​បោះ​ទីតាំងនៅ​តានៀវ នៃ​ខេត្តកំពង់ស្ពឺ​។

ប៊ីវ ឆៃលាង (១៩៣០ - ២០xx)

     នៅ​​សម័យ​​ឯករាជ្យ លោក​​ប៊ីវ​ឆៃ​​លាង ជា​​អ្នក​​និពន្ធ​មួយ​​រូប​​ដ៏​ល្បី​​ល្បាញ​​ខ្លាំង​​ក្លា។ លោក​​កើត​​នៅ​​ថ្ងៃ ​៤ ខែ​​តុលា ឆ្នាំ​១៩៣០ ក្នុង​​ភូមិ​​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់​ចាម។ បិតា​នាម ប៊ីវឡៃលេង, មាតា​នាម លឹង។ លោក​ជា​អ្នក​បង្កើត​សមាគម​អ្នក​និពន្ធ​ខ្មែរ ជាមួយ​មិត្ត​អ្នក​និពន្ធ​ខ្មែរ​ទៀត​នៅ​ឆ្នាំ​១៩៥៦ និង​ធ្លាប់​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​អភិបាល​ចំនួន​២លើក។ ពី​ឆ្នាំ​១៩៥១ ដល់ ១៩៦៧ លោក​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​១៨​ប្រលោម​លោក និង​រឿង​ល្ខោន និង​បាន​ក្លាយ​ជា​ចាងហ្វាង​ផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយ​លោក​យក​ប្រលោម​លោក​ជា​ស្នាដៃ​ផ្ទាល់​ទៅ​ថត​ជា​ខ្សែ​ភាពយន្ត។ ក្រោយ​ពី​ស្រុក​ខ្មែរ​ធ្លាក់​ក្នុង​រដ្ឋអំណាច​ខ្មែរក្រហម គឺ​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​១៩៧៦ លោក​បាន​មក​រស់​នៅ​ប្រទេស​បារាំងហើយ​ក៏​ចាប់​ផ្ដើម​សមាគម​វប្បធម៌​មួយ​មាន​នាម​ថា ឥន្ទ្រាទេវី ដោយ​មាន​ក្រុម​របាំ​ប្រជាប្រិយ និង​បុរាណ ហើយ​បាន​សម្ដែង​រហូត​មក​ដល់​ឆ្នាំ​១៩៩៣ ចំនួន​១១៤លើក នៅ ប្រទេស​បារាំង​និង​អឺរ៉ុប​និង​ក្នុង​មហោស្រព​អន្តរជាតិ។ លោក​បាន​បោះ​ពុម្ព​ឡើង​វិញ​នូវ​ប្រលោមលោក​ណា​ដែល​លោក​បាន​រក​ឃើញ​នៅ​បណ្ណាគារ​នានា នៅ​ប្រទេស​បារាំង​និង​នៅ​សហរដ្ឋអាមេរិក ហើយ​ពិត​មែន​តែ​លោក​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​ក៏​ដោយ លោក​នៅ​តែ​រក្សា​ខ្ជាប់​នូវ​ការ​និពន្ធ​ត​ទៅ​ទៀត។ នេះ​ជា​បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​ខ្លះៗ​របស់​លោក ប៊ីវ ឆៃលាង៖
ដំណក់​ឈាម​លើ​ផ្កា​កុលាប, រឿងល្ខោន, ភ្នំពេញ, ១៩៥១
ព្រះមកុដពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥២ (បោះ​ពុម្ព​ប៉ារីស, ១៩៨៧)
រន្ទះពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៣
វិរបុរស, ប្រលោមលោក, ភ្នំពេញ, ១៩៥៣-៥៤ (បោះពុម្ព​នៅ ប៉ារីស, ១៩៨៩)
វិទ្យាបុរស, ប្រលោមលោក, ភ្មំពេញ, ១៩៥៤
ព្រះចន្ទរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
បក្សីចាំក្រុង, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
ព្រះខ័នរាជ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
មហន្តរាយនៅរថភ្លើង, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
រដ្ឋប្រហារ, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
ជំទាវហិនហោច, រឿងល្ខោន, ភ្នំពេញ, ១៩៥៦
នារីបដិវត្តន៍, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
ក្រពើនេនធន, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
នាងសក់ក្រអូប, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
វិរកញ្ញា, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
សិរីសួស្ដីនិងអពមង្គល, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
មើលក្រោយផង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
ឧទ្ទាមភ្នំរអាង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
ដែនដីគោកធ្លក, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
ព្រះនាងសោមា, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
ព្រះបាទហុនទៀន, ប្រលោមលោក,​ ភ្នំពេញ, ១៩៥៩
សេនាដៃដែក, ប្រលោមលោក, ភ្នំពេញ ១៩៦២
អន្លង់វាសនា, ប្រលោមលោក, ភ្នំពេញ, ១៩៦២
ការកេត, ប្រលោមលោក, ភ្នំពេញ, ១៩៦៣
កងកម្មកងកែវ, ប្រលោមលោក, ភ្នំពេញ, ១៩៦៤ (បោះពុម្ព​នៅ​ប៉ារីស, ១៩៨៨)
ស្រមោលនាងអក្ខរា, ប្រលោមលោក, ភ្នំពេញ, ១៩៦៤
កាលណាផ្ការីក, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម, ប្រលោមលោក, ២ភាគ, ប៉ារីស, ១៩៨៩
បិសាចនៅព្រៃបង់បត់, ប្រលោមលោក, ប៉ារីស, ១៩៩៣

ព្រះអង្គ​ឌួង (១៧៩៦ - ១៨៦០)

     ព្រះអង្គ​ឌួង ប្រសូត​នៅ​ឆ្នាំ​ ១៧៩៦។ ព្រះអង្គ​ជា​បុត្រ​ពៅ​របស់ ស្តេច​អង្គ​អេង (១៧៩៤ - ១៧៩៧) ហើយ​បាន​ភៀស​ព្រះ​អង្គ​ទៅ​គង់​នៅ​ប្រទេស​ថៃ រវាង​ជាង ១ ទសវត្ស។ ព្រះ​អង្គ​ឌួង​ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ ១៨៤១ ដែល​យើង​អាច​ទុក​ថា ព្រះ​អង្គ​សោយ​រាជ​សម្បត្តិ​​ចាប់​តាំង​ពី​ពេល​នោះ​មក​ពិត​មែន តែ ម្ចាស់​ក្សត្រី​អង្គ​ម៉ី មិន​ទាន់​ចូល​ទីវង្គត​នៅ​ឡើយ។ ដោយ​សិទ្ធិ​សញ្ញា​រវាង សៀម និងយួន នៅ​ខែ​ឆ្នូ ១៨៤៥ បាន​ស្រុះស្រួល​ប្រគល់​រាជ​បល្ល័ង្ក​ខ្មែរ​មក ព្រះ​អង្គ​ដួង​វិញ។
     ព្រះ​អង្គ​ដួង បាន​ទទួល​ពិធី រាជា​ភិសេក នៅ​ឧដុង្គ នា​ថ្ងៃ ៧ មីនា ១៨៤៨ ក្នុង​ជន្មាយុ ៥២ ព្រះ​វស្សា ហើយ​ទ្រង់​ព្រះ​នាមា​ភិធេយ្យ "ព្រះ​បាទ សម្តេច​ព្រះ​ ហរិរក្ស រាមា​ឥស្សរា​ធិបតី ព្រះ​ស្រី​សុរិយោ​ពណ៌ បរមសុរេន្ទ្រា មហា​ចក្រ​ត្រា​ធិរាេជ បរម​រាជ... "។ បន្ទាប់​ពី​ឡើង​សោយ​រាជ្យ​ភ្លាម ព្រះ​អង្គ​ចាប់​ផ្តើម​កសាង​ប្រទេស​ឡើង​វិញ ដោយ​ថវិកា​ពី​ឃ្លាំង​រាជ​វាំង​បង្កើត​ស្ថាប័ន​ផ្នែក​សង្គម​កិច្ច ពោល​គឺ ប្រជា​រាស្ត្រ​ក្រីក្រ និង​ព្រះ​សង្ឃ អាច​មក​ទទួល​អាហារ​ស្រស់​ស្រូប និង​ឆាន់​ប្រចាំ​ថ្ងៃ។ ព្រះ​អង្គ​បាន​បន្ថយ​ពន្ធ​ដារ​នានា ហើយ​សុវត្ថិភាព​ក៏​បាន​កើត​ឡើង​វិញ​ក្នុង​ប្រទេស​ដោយ​ព្រះ​អង្គ​បាន​បង្កើត​រចនា​សម្ព័ន្ធ​នានា​សម្រាប់​បង្ក្រាប​ចោរ​កម្ម និង​បទឧក្រិដ្ឋ​ផ្សេងៗ។ នៅ​ឆ្នាំ ១៨៤៨ ព្រះ​អង្គ​ដួង បាន​បង្កើត​តុលាការ​សាលា​ឧទ្ធរណ៍ ហើយ​ព្រះ​អង្គ​ផ្ទាល់ ជា​អធិបតី​តុលាការ​ទី ២ នេះ។ ចាប់​ពី​ឆ្នាំ ១៨៥៣ បាន​ចាប់​ផ្តើម​ពិនិត្យ​សើ​រើ​ជា​ទូទៅ នូវ​មាត្រា​ច្បាប់​នានា ដោយ​ព្រះ​អង្គ​បាន​ចូល​រួម​ជា​សកម្ម។
     ព្រះ​អង្គ​ឌួង បាន​ឲ្យ​បោះ​ប្រាក់​រូប​ហង្ស នៅ​ឆ្នាំ ១៨៤៨ ហើយ​និង​បាន​កែប្រែ​រាជការ​កិច្ច​ជា​ទូទៅ។ ព្រះអង្គ ចាប់​ផ្តើម​ឲ្យ​សង់ កំពែង និង​ផ្លូវ​គមនាគមន៍ ហើយ​រវាង​ឆ្នាំ ១៨៥០ ព្រះ​អង្គ​បញ្ជា​ឲ្យ​មន្ត្រី​ធ្វើ​កេណ្ឌ​ប្រជាជន ឲ្យ​ធ្វើ​កំពែង​ដី ដើម្បី​ការពារ​ប៉ែក​ខាង​កើត​រាជ​ធានី​ហើយ​បាន​យក​ថវិកា​ពី​ឃ្លាំង​រាជ​វាំង ឲ្យ​កសាង​ផ្លូវ​ថ្នល់ ដើម្បី​ឲ្យ​រាស្ត្រ​ស្រែ​ចំការ​ដឹក​ជញ្ជូន​ភោគ​ផល​ទៅ​ដល់ កំពង់​ផែ​ភ្នំ​ពេញ។
     ព្រះ​អង្គ​បាន​កែ​ទម្រង់​ពុទ្ធ​សាសនា​ដោយ​បញ្ជូន​គណៈ​ប្រតិភូ មាន​មន្ត្រី​សេនា​បតី​ខ្មែរ ២ រូប​ទៅ​គាល់​ស្តេច​សៀម នៅ​ថ្ងៃ​អង្គារ ១២ មេសា ១៨៥៣ ដើម្បី​ឲ្យ​ស្តេច​សៀម​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ នូវ​ព្រះ​សង្ឃ​មួយ​អង្គ ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ខាង​ព្រះ​ពុទ្ធ​សាសនា ព្រះនាម​ព្រះ​មហា​ប៉ាន ព្រម​ទាំង​សូម​ឲ្យ​យក​ទាំង​គម្ពីរ​ព្រះ​ត្រៃ​បីដក មកផង។ បាន​សេចក្តី​ថា​ពុទ្ធ​សាសនា គណៈ​ធម្ម​យុត្តិ​កនិកាយ ចូល​មក​កម្ពុជា​ចាប់​ពី​ពេល​នោះ​មក។
     ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ ហងរី មូហូត (HENIE MOUHOT) បាន​ជួប​ស្តេច​អង្គ​ឌួង​រវាង​ឆ្នាំ ១៨៥៨ ហើយ​បាន​សរសេរ​ពី​រូប​សម្បត្តិ​ព្រះ​អង្គ​ឌួង​ថា​៖ "ព្រះ​អង្គ​ ប្រមាណ ៦០ ព្រះ​វស្សា មាន​ព្រះ​កាយ​ ទាប ធាត់​ក្រអាញ ព្រះ​កេសា​ខ្លី។ ទឹក​ព្រះ​ភ័ក្ត្រ បាន​បង្ហាញ​ប្រាជ្ញា​ញាណ​វាងវៃ និង​មាន​សមាន​ចិត្ត​ល្អ"។
     ព្រះ​បាទ អង្គ​ឌួង ជា​រាជ​ឳរស​សីល​ធម៌ និង​ជា​ពុទ្ធ​សាសនា​និក​ជន​យ៉ាង​ខ្លាំង​ក្លា។