ចាន់ យូរ៉ាន់ (១៩៣៤ -​ ២០xx)

     លោក ចាន់ យូរ៉ាន់ កើត​នៅ​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៣៤ ឳពុក​ឈ្មោះ ចាន់ ឌុច ម្តាយ​ឈ្មោះ ឳប ល្មុង។ លោក​បានធ្វើ​ការ​សិក្សា​នៅ វិទ្យាល័យ ស៊ីសុវត្តិ​នៅឆ្នាំ ១៩៥៣ លោក​បាន​ទទួល​សញ្ញាប័ត្រ​មធ្យម​សិក្សា​បានធ្វើ​ជា សាស្ត្រចារ្យ​នៅវិទ្យាល័យ​ឯក​ជន​កម្ពុជ​បុត្រ បាន​ចូល​ជា​សិ្ស សាលា​ភូមិន្ទ​រដ្ឋ​បាល (ERA) ផ្នែក​ការទូត និង​មាន​បរិញ្ញាប៏ត្រ​នីតិសាស្ត្រ​ ឆ្នាំ ១៩៥៩ និង​នៅ​សេណេហ្គាល់។ នៅ​ពេល​ដែល សភា​ខ្មែរ​បាន​បោះ​ឆ្នោត​ទម្លាក់​ សម្តេច​សីហនុ លោក​បាន​ជ្រើស​រើស​ផ្លូវ​ដើរ​តាម សម្តេច​សីហនុ។ ពី​ឆ្នាំ ១៩៧០ - ១៩៧៥ លោក​មាន​ឋានៈ​ជា រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​នៃ​រាជ​រដ្ឋាភិបាល​ក្រៅ​ស្រុក។ ពេល​ដែល រាជរដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ (GCKD) កើតឡើង លោក ចាន់ យូរ៉ាន់ បាន​ធ្វើជា អគ្គរាជ​ទូត​នៅ​សេណេហ្គាល់ ឆ្នាំ ១៩៨៣ នៅ​ម៉ាលី បន្ទាប់មក​នៅ ប៉េកាំង (មេសា ១៩៨៤) ប៉ាគីស្ថាន (១៩៨៦)។ នៅ​ខែ​មិថុនា ១៩៩៤ លោក​ជា​ប្រធាន​គណៈប្រតិភូ​ខ្មែរ​ក្រហម​សម្រាប់​ការចរចា​តុ​មូល សម្រាប់​សន្តិភាព និង​បាន​ទទួល​ឋានៈ​ជា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខាង ច្បាប់​ប្រពៃណី វប្បធម៌ និង​អក្សរសិល្បិ៍​នៃ រដ្ឋា​ភិបាល​ខ្មែរ​ក្រហម ដែល​មាន​លោក ខៀវ សំផន ជានាយករដ្ឋមន្ត្រី។
     អ្នក​ការ​ទូត ការពារ​គំនិត​ខ្មែរ​ក្រហម
     តាមវិទ្យុខ្មែរ​ក្រហម ថ្ងៃ​ទី ៦ សីហា ១៩៩៧ លោក ចាន់ យូរ៉ាន់ បាន​ចោទ​ប្រកាន់​លោក ង្វៀង ម៉ាញ់កាំ រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម ថា "កំពុងលេបកម្ពុជា" ដូច​ដែល​វៀតណាម​បាន​ធ្វើ​នៅ កម្ពុជា​ក្រោម។
     ថ្ងៃ ចន្ទ ២២ មិថុនា ១៩៩៨ មាន​ធ្វើ​សន្និសីទ​កាសែត នៅ​ភ្នំពេញ​នៃ​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរ​ក្រហម ៥ នាក់ ដែល​បាន​ចុះ​ចូល​មក រាជ​រដ្ឋាភិបាល តាំងពី ១០ ថ្ងៃមុន​មកហើយ ដោយ​សារ​លោក អៀង សារី ជា​អ្នក​ចរចា។ មួយ​​ថ្ងៃ​មុន​ធ្វើ​សន្និសីទ​នេះ អ្នក​ទាំង​នោះ បាន​ទទួល​ទាន​ភោជនាហារ​ដ៏​ឆ្ងាញ់​ពិសា រៀប​ចំ​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី២ លោក ទា បាញ់ សហរដ្ឋ​មន្ត្រីការពារ​ជាតិ​ នៅ​គេហដ្ឋាន​លោក ហ៊ុន សែន នៅ​តា​ខ្មៅ។ តាម​រយៈ​រូប​ថត គេ​ឃើញ​កម្មាភិបាល ៥ នាក់​នោះ​ឳន​លំ​ទោន​សំពះ​គោរព​លោក ហ៊ុន សែន គួរឲ្យរំភើប។ "យើង​បាន​ថ្លែង កតវេទិតា ចំពោះ​លោក​ (ហ៊ុន សែន) ដែល​ទទួល​យើង​ខ្ញុំ​មក​រួម​រស់​ក្នុង​សង្គម​វិញ" លោក ចាន់ យូរ៉ាន់ បាន​ថ្លែង។ "គាត់ (ហ៊ុន សែន) បាន​និយាយ​យ៉ាង​ច្បាស់មក​យើង​ខ្ញុំ​ថា ត្រូវ​តែ​បំភ្លេច​ការកន្លង​មក​ហើយ ហើយ​ទៅ​អនាគត​ត្រូវ​ចាប់​ដៃ​គ្នា​កសាង សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ" លោក ម៉ក់ បេន អតីត​រដ្ឋ​មន្ត្រីខ្មែរ​ក្រហម ខាង​ហិរញ្ញវត្ថុបន្ត។ ចំពោះ​សំណួរពីរ​ពេល​កន្លង​មក កម្មាភិបាល​ខ្មែរ​ក្រហម ៥​នាក់​នេះ (​ចាន់ យូរ៉ាន់, ម៉ក់ បេន, ជួន ជឿន, អិុន សូភាព, កោ ប៊ុន​ហេង) ឆ្លើយ​ព្រមៗ​គ្នា​ថា "ពី​ពេល​នេះ​ត​ទៅ ត្រូវ​គិត​ទៅ​ពេល​មុខ ទៅ​អនាគត"។ ចំពោះ​សំនួរ​ថា លោក​ដែល​បាន​ជួប តាម៉ុក ឬ​ទេ? "ពេល​ចុង​ក្រោយ​ខ្ញុំ​បាន​ឃើញ តាម៉ុក ២​ ខែមុន ក្នុង​ពេល​ដែល​យើង​រត់​គេច​នៅ​ក្នុង​ព្រៃ និង ភ្នំ។ ដោយ​សារ​បញ្ហា សន្តិសុខ​យើង​ពុំ​បាន​ធ្វើ​ពី​មុន​មក​ទេ..." នេះ​ជា​ចម្លើយ​របស់ លោក ចាន់ យូរ៉ាន់។ សំនួរ​មួយ​ទៀត​ "តើ​ក្រុម​លោក​ចូល​បោះ​ឆ្នោត​ ថ្ងៃទី ២៦ កក្តដា ១៩៩៨ ឬទេ?" អ្នក​ទាំង ៥ ឆ្លើយ​ថា​ "ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​តាម​ឆន្ទៈរាស្ត្រ ចង់បាន យុត្តិធម៌ សមធម៌" ដោយ​បាន​បង្ហាញ​កាត​បោះឆ្នោត ដែល​អ្នក​ទាំង​នេោះ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នៅ ប៉ៃ លិន។
     សព្វ​ថ្ងៃ​នេះ លោក ចាន់ យូរ៉ាន់ រស់​នៅ​ភ្នំពេញ។ មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ៥ នាក់​នេះ គ្មាន​ភ័យ​បារម្ភ​ពី​ការ​កោះ​ហៅ​ទៅ​បំភ្លឺ​ ស្តី​ពីព្រឹត្តិកាណ៍ពី​ឆ្នាំ ១៩៧៥ -​ ១៩៧៩ ដោយ​តុលាការ​កាត់​ទោស អតីត​មេ​ខ្មែរ​ក្រហមឡើយ។

No comments:

Post a Comment